| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០០៨

រំលត់មហិច្ឆតាឈ្លានពាន

មកដល់ពេលនេះ ជិតមួយសប្តាហ៍ហើយ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ ក្រសួងការបរទេស ឱ្យធ្វើទំនាក់ទំនងទៅ ក្រសួងការបរទេសថៃ ជំរុញឱ្យមានការរៀបចំចរចារឡើងវិញ ពីជម្លោះតាមព្រំដែន ដែលបង្កឡើងដោយទាហាន សៀម ដោយសារតែការអះអាងថា មានវិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន ភាគី ថៃ បានលុបចោលការចរចារ ដែលគ្រោងធ្វើនៅក្រុងសៀមរាបថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៨ កន្លងមកនេះ ។ ការលុប ចោល ដោយមិនមានការកំណត់ពេលវេលាច្បាស់លាស់នេះ ត្រូវបានក្រុមអ្នកវិភាគនានាមានការចាប់អារម្មណ៍ថា ប្រៀប ដូច កម្ពុជា កំពុងធ្លាក់ទៅជាចំណាប់ខ្មាំង ក្នុងវិបត្តិដែលកើតមាននៅប្រទេស ថៃ នោះ ។ នេះជាភាពអយុត្តិធម៌សំរាប់ប្រ ទេសមួយ ដែលរងនូវការលុកលុយឈ្លានពាន ហើយបែរជាត្រូវបង្ខំឱ្យដេកចាំអ្នកឈ្លានពាន កំណត់ពេលជួបចរចារទៅ វិញ ។ សំរាប់ប្រជាជាតិខ្មែរបានមើលឃើញថា ការបន្តអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ មិនមែនជាការល្អនោះ ឡើយព្រោះថា ការលុកលុយឈ្លានពានបែបនេះ គ្មានប្រទេសណាមួយអាចឈប់ស្ងៀមមិនមានប្រតិកម្មនោះទេ ទោះបី ជាជម្លោះព្រំដែន គេអាចដោះស្រាយគ្នារាប់ឆ្នាំបាន តែមិនមែនចូលមកឈ្លានពាន ដោយសំអាងតែលើផែនទី ដែលគូស ជាឯកតោភាគីរបស់ខ្លួននោះទេ ។

និយាយពិតត្រង់ទៅ ប្រទេសដែលមានព្រំដែនជាប់គ្នា មិនត្រូវប្រកាន់ជំហរចូលមកលុកលុយ ដោយកំលាំងកងទ័ពបែប នេះទេ វាគួរតែប្រើប្រាស់ដំណោះស្រាយការទូតជាមួយគ្នា ទើបស័ក្តិសមជាប្រទេសជិតខាងល្អនឹងគ្នា តែកាឡាសាដែល បានបង្ហាញឱ្យឃើញពីសំណាក់ សៀម ដែលធ្លាប់តែតាំងខ្លួនថា ជាប្រទេសមានអារ្យធម៌ខ្ពស់នោះ បែរជាបង្កឱ្យមានបញ្ហា គួរឱ្យភ្ញាក់ផ្អើល។ តាមពិតទៅកាឡាសានេះ បានកើតមានក្រោយពេលដែលប្រទេសនេះ នៅតែចិញ្ខឹមចិត្តចង់បាន ប្រាសាទ ព្រះវិហារ របស់ខ្មែរ ដោយការរារាំង អង្គការយូណេស្កូ មិនឱ្យដាក់ប្រាសាទលើកំពូលភំ្នដងរែករបស់ កម្ពុជា ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកត្រូវទទួលបរាជ័យ ។ ទោះបីជាយ៉ាងណា ថៃ មិនគួរចាត់ទុកការខិតខំរបស់ខ្លួននោះថា ជាការបរាជ័យ គួរឱ្យអាម៉ាស់នោះទេ ព្រោះ ប្រាសាទព្រះវិហារ មិនមែនជារបស់សៀមឯណា គឺជារបស់ខ្មែរ ទាំងប្រវិត្តសាស្រ្ត ទាំងផ្លូវ ច្បាប់អន្តរជាតិ តើរឿងអីដែល សៀម ឈឺក្បាលហាលថ្ងៃចំពោះ ប្រាសាទព្រះវិហារ ដូច្នេះប្រហែលជាមិនមែនទំនង ដោយការបរាជ័យនោះទេ តែក៏ចង់បានប្រាសាទព្រះវិហារផងដែរ បន្ទាប់ពីចាញ់ក្តីនៅតុលាការក្រុងឡាអេកាលពី ៤៦ ឆ្នាំ មុន។ តាមអ្នកប្រវត្តិសាស្រ្តនៅអាស៊ីនានាបានរកឃើញថា បញ្ហាជនជាតិ ថៃ ដែលនៅតែចិញ្ចឹមចិត្តចង់បានប្រាង្គប្រាសាទ ខ្មែរ ទោះបីរឿងរ៉ាវកាលពី ៤៦ ឆ្នាំមុន បានកន្លងហួសមកយូរហើយក្តី តែអ្នកប្រវិត្តសាស្រ្ត ថៃ ដែលមានគំនិតអាក្រក់ នៅតែបណ្តុះទឹកចិត្ត ឱ្យអ្នកស្រករក្រោយរបស់ខ្លួនចាត់ទុកថា ប្រាសាទព្រះវិហារ ជារបស់ ថៃ រាប់ទាំងប្រាសាទនានាលើ ខ្នងភ្នំដងរែក ដែលឆក់ឱកាសខ្មែរមានសង្រ្គាមស៊ីវិល ក៏បានមូលមករឹបអូសយក ដោយមិនអើពើពីអ្វីទាំងអស់ ។ សំរាប់ ប្រជាជាតិ ដែលកាន់ព្រះពុទ្ធសាសនាអាចដឹងណាស់ថា ការធ្វើជាចោរលួចទ្រព្យសម្បត្តិគេ មានបាបកម្មបែបណា ហើយ នៅចំពោះមុខនេះ នរណាជាចោរ នរណាជាម្ចាស់ គួរតែដឹងខ្លួនឯងហើយ ដូចជាប្រជុំ ប្រាសាទតាមាន់ គឺ ប្រាសាទ តាមាន់តូច-តាមាន់ធំ ដែលទាហាន សៀម បានត្រួតត្រា តាំងខ្លួនជាម្ចាស់ប្រាសាទ ហើយជាអាក្រក់ពេកណាស់ដែលហ៊ានធ្វើរបងហាម ខ្មែរជាម្ចាស់ប្រាសាទមិនឱ្យចូលទៀតផង។ ប្រការទាំងអស់នេះ មិនមែនជាចេតនាញុះញង់ ឱ្យស្អប់ខ្ពើមជាតិសាសន៍នោះ ទេ ព្រោះតែសម័យនេះ អ្វីៗវាកំពុងឈានទៅរកសាកលភាវូបនីយកម្មក្នុងតំបន់ និង នៅលើពិភពលោកទៅហើយ ដូចជា នៅ អឺរ៉ុប គេបានបង្កើតជាសហគមន៍មួយមានទាំងស្ថាប័ននានា បំរើឱ្យសហគមន៍ទាំងមូល និង ចាយលុយតែមួយ ឯ បន្ទាត់ព្រំដែនវិញ គឺត្រង់មិនក្រវិចក្រវៀនដូចនៅអាស៊ីទេ ។ ជាទិសដៅអនាគត ប្រទេសទាំង ១០ ក្នុង សមាគមអាស៊ាន ក៏ មានបំណងរៀងៗខ្លួន ដើរតាមគំរូប្រទេសក្នុងទ្វីប អឺរ៉ុប ដែរ រហូតដល់ការបង្កើតនូវធម្មនុញ្ញ អាស៊ាន ទៀតផង ដែលទាំង អស់នេះ ជាដំណាក់កាល ដែលគ្រប់ប្រទេសជាសមាជិកចង់បានដូចគ្នា និង កំពុងតែបេ្តជ្ញាចិត្តដើរទៅមុខ ទោះបីត្រូវ ចំណាយពេលវេលាយូរប៉ុណ្ណាក្តី។ តើវាមានន័យបែបណា ដែលមហិច្ចតាកត់ព្រំដែនកំពុងតែបង្កឡើង ដោយភាគី ថៃ នេះ ។

ប្រទេសកម្ពុជា មានប្រវត្តិសាស្រ្តយូរលង់នោះ តំបន់អាស៊ីអាគ្នេយ៍ នេះ គឺកើតមានមុនជនជាតិ សៀម-យួន ទៅទៀត ដោយ មានតឹកតាងជាច្រើន សំរាប់បង្ហាញជាទឡ្ហីករណ៍ ហើយបើនិយាយពី ប្រាសាទព្រះវិហារ វិញ ក៏ត្រូវបានកសាងលើអាណា ចក្រខ្មែរក្នុងសតវត្សទី១០ ដែលពេលនោះអាណាចក្រខ្មែរត្រួតត្រាលើផ្ទៃដីធំល្វឹងល្វើយ ទើបមានលទ្ធភាពក្នុងការកសាង ប្រាសាទថ្មដ៏ធំ និង វែងលើកំពូល ភ្នំដងរែក ។ បើនិយាយពីអធិបតេយ្យនៅលើប្រាសាទនេះ គឺទើបតែពេល បារាំង ដកអា ណានិគម ទើប សៀម លួចលេបត្របាក់យក ខណៈប្រទេសម្ចាស់ប្រាសាទទើបតែទទួលបានឯករាជ្យពី បារាំង។ ការរំលោភ យកពេលនោះ គឺ សៀម បានក្បត់សន្ធិសញ្ញា បារាំង-សៀម រួចទៅហើយ ដូច្នេះហើយទើបរឿងក្តី ប្រាសាទព្រះវិហារ នៅ តុលាការក្រុងឡាអេ បានផ្តល់យុត្តិធម៌ឱ្យ កម្ពុជា ។ រហូតមកដល់ពេលនេះ វត្ថុបុរាណក្នុង ប្រាសាទព្រះវិហារ ដែលសាលក្រម បានឱ្យភាគី ថៃ ប្រគល់ឱ្យ កម្ពុជា វិញ នៅមិនទាន់មានការប្រគល់នៅឡើយនោះ តើជាការស័ក្តិសមទេ ដែលក្រុមជាតិនិ យមជ្រុល សៀម ហ៊ានមកស្រែកទាមទារ ប្រាសាទព្រះវិហារ ក្តែងៗឥតអៀនខ្មាសនោះ និង មានជនខ្លះដូចជា ស៊ុនធិ លីម ថងគុល មេដឹកនាំ ក្រុមសម្ព័ន្ធមិត្តប្រជាជនដើមី្បប្រជាធិបតេយ្យ ទាមទារឱ្យលុបចោលអ្វីៗទាំងអស់ ដែលបានព្រមព្រៀងគ្នា ជាឯកសារប្រវត្តិសាស្រ្តក្តី និង ឯកសារដែលចេញដោយ តុលាការក្រុងឡាអេ ក្តី ។ ការទាមទារនោះ តើបុគ្គលរូបនេះ មាន គិតទេថា ប្រជាជាតិខ្មែរជាមនុស្សទេ? ដោយសារតែក្រុមជ្រុលនិយមនោះឯង ទើបទាហាន សៀម លើកគ្នាចូលមកឈ្លាន ពានតំបន់ ប្រាសាទព្រះវិហារ និងបន្តរាតត្បាតនៅតាមចំណុចនានាលើខ្នង ភ្នំដងរែក ទៀត។ ការយាយីមិនឈប់ឈរនេះ តើ ខាង សៀម មានបំណងបែបណា ? ជាការត្រឹមត្រូវណាស់ ដែលប្រជាជាតិខ្មែរខន្តី ក្នុងនាមជាជាតិមានអារ្យធម៌ និង សីល ធម៌ ហើយព្យាយាមដោះស្រាយ ដើមី្បបញ្ចៀសការបង្ហូរឈាមក្រោមគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ តាមមើលទៅចៀសមិនផុតពីអន្តរាគមន៍ការទូតរបស់ភាគីទី៣ ឬ អង្គការសហប្រជាជាតិ ទេ ទើបអាចដំណើរការ ទៅរួច ព្រោះបើឈរលើការចរចារទ្វេភាគីមិនដឹងប៉ុន្មានខែប៉ុន្មានឆ្នាំដោះស្រាយចេញទេ ហើយបើការប្រឈមមុខគ្នានេះ អូសបន្លាយ ឯការទប់ស្កាត់បានត្រឹមតែទាហាន សៀម មិនស្តាប់នោះ តើមានវិធីណារំលត់មហិច្ចតាឈ្លានពាននេះបាន ?


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia