| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០០៨

វិចិត្រករកូរ៉េគ្រោងបង្កើតសៀវភៅ ស្តីពីឆាកជីវិតសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន

សំរាប់ កម្មវិធីមាតុភូមិយើង នាវេលានេះ សូមដកស្រង់នូវអត្ថបទមួយ ដែលបានចុះផ្សាយលើសារព័ត៌មាន កោះសន្តិភាព ដែលមានចំណងជើងថា វិចិត្រករកូរ៉េគ្រោងបង្កើតសៀវភៅ ស្តីពីឆាកជីវិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខ្ញុំបានជួធីឆើរ នៅផ្ទះរបស់គាត់ លេខ ៦២បេ ផ្លូវ២០៥ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ។ ធីឆើរគឺជាឈ្មោះ ដែលសិស្សខ្មែរក្រីក្ររាប់រយនាក់ធ្លាប់ហៅលោក កាង ស៊ុងវូក ជនជាតិកូរ៉េ ដោយសារតែលោកធ្លាប់បានបង្ហាត់បង្រៀន សិល្បៈ គំនូរជីវចលដ៏មានប្រជាប្រិយ ដល់យុវជនខ្មែរក្រីក្រប្រមាណជាង ១០០ នាក់រួចមកហើយ ក្នុងរយៈពេលជាង ៥ ឆ្នាំ ដែលលោកមករស់នៅកម្ពុជា ។ ភាគច្រើននៃសិស្សរបស់គាត់ បានកសាងជីវភាពយ៉ាងប្រសើរ ជាមួយជំនាញគូររូប តុក្កតា នៅតាមអង្កការ និង ក្រុមហ៊ុនអន្តរជាតិនានា ។

ខ្ញុំលើកដៃចង្អុលទៅក្របសៀវភៅពណ៌ធម្មជាតិមួយផ្ទាំង ដែលបិទជាប់នៅជញ្ជាំង ចំពីមុខការិយាល័យរបស់លោក កាង ដែលនោះគឺជាក្របសៀវភៅមួយ មានរំលេចរូប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារូបគំនូរដែលលោក កាង បានគូរ ។ ខ្ញុំសួរគាត់ថា ធីឆើរតើដំណើររឿង ដោយរូបភាពពីប្រវត្តិពិតរបស់ សម្តេចតេជោ បានវិវឌ្ឍន៍ដល់ណាហើយ ? លោក កាង ដកក្រសែភ្នែកចេញពីផ្ទាំងកញ្ចក់កុំព្យូទ័រ ដៃនៅកាន់ខ្មៅដៃឌីជីថលនៅឡើយ បែរមុខសម្លឹងខ្ញុំ ហើយឆ្លើយថា កាសែតដ៏ល្បីល្បាញមួយក្នុងស្រុក បានទទួលចុះផ្សាយជាភាគៗនៃរឿងពិត ប្រសិនបើរឿងនេះ ទទួលការអនុញ្ញាតជាផ្លូវ ការ ចំពោះប្រវត្តិរឿងដោយរូបភាពនេះ ។ លោក កាង មានគំរោងការគូរពីប្រវត្តិរឿងនៃជីវិត សម្តេច ហ៊ុន សែន ពីកុមារភាព រហូតដល់ថ្ងៃរំដោះទីក្រុងភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

ខ្ញុំសួរបន្តទៀតថា តើមូលហេតុអ្វីបានជាធីឆើរ សំរេចចិត្តគូររឿងអតីតរបស់នាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេ ក្នុងពិភពលោក ? លោក កាង ញញឹម ភ្នែកសម្លឹងពិតានមួយសន្ទុះ ទើបឆ្លើយថា សំណួរនេះល្អណាស់ ។ ព្រោះថា នៅឆ្នាំ ២០០២ ខណៈដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំក៏ដូចជនបរទេសឯទៀតដែរ មានអារម្មណ៍មិនសូវល្អជាមួយពាក្យចចាមអា រ៉ាមពីខាងក្រៅ អំពីប្រមុខដឹកនាំនៃប្រទេសនេះ ។ ប៉ុន្តែក្រោយពីរស់នៅទីនេះ ហើយព្យាយាមស្រាវជ្រាវមួយរយៈខ្លីមក ខ្ញុំ ចាប់ផ្តើមសែ្វងយល់ឃើញភ្លាមថា មនុស្សនៅឯនាយសមុទ្រភាគច្រើនយល់ខុសស្រឡះ ។

ខ្ញុំហាក់មិនអើពើអំពីការយល់ដោយភាន់ច្រឡំរបស់មនុស្សឯនាយសមុទ្រមួយចំនួនទេ និង បានសួរលោក កាង ទៀតថា តើធីឆើរស្រាវជ្រាវរកឃើញចំណុចពិសេសអ្វីខ្លះ អំពីប្រវត្តិរបស់ សម្តេចតេជោ ហ៊ុន សែន ? លោក កាង រៀបរាប់ថា ខ្ញុំសុំ លើកនិយាយតែអំពីអតីតភាពរបស់ សម្តេចតេជោ ប៉ុណ្ណោះ ។ អតីតភាពរាប់តាំងពីកុមារមកទល់បូជនីយកិច្ចរំដោះទីក្រុងភ្នំ ពេញនាឆ្នាំ១៩៧៩ គឺអតីតភាពដ៏សាមញ្ញរបស់យុវជនខែ្មរម្នាក់ តែពោរពេញដោយវីរភាព និង ផ្ទាល់ខ្លួនបំផុត ដែលគ្មាន បុគ្គលណាម្នាក់អាចបកស្រាយបានឡើយ ក្រៅពី សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ។ យោងតាមការស្រាវជ្រាវ ឯករាជ្យផ្ទាល់ខ្លួន ខ្ញុំអាចវាយតម្លៃបានថា សម្តេច ហ៊ុន សែន ជាបុថុជ្ជន ដូចយុវជននានាដែរ ។ ប៉ុន្តែជាយុវជនសាមញ្ញ ដែលវាងវៃ មានការសំរេចចិត្តខ្ពស់ដ៏ត្រឹមត្រូវ ហើយទាន់ពេលវេលា ។ ជាយុវជននែដលមានការលះបង់ខ្ពស់ ៣ យ៉ាងធំៗ ដែលយុវជនដទៃមិនទាន់ធ្វើបាន ។ ដំបូងលោកលះបង់ស្រុកកំណើត ឳពុកម្តាយ ចេញស្វែងរកចំណេះ ។ មិនបានប៉ុន្មាន ផង លោកលះបង់សាលា ចូលព្រៃម៉ាកគី ដើមី្បរំដោះជាតិ ។ ចុងក្រោយដឹងថា ប្រទេសជាតិនឹងវិនាសហិនហោច ដោយដៃ ប៉ុល ពត មិនខាន សម្តេច លះបង់ប្រពន្ធជាទីស្រឡាញ់ គឺប្រពន្ធដែលកំពុងមានផ្ទៃពោះ ចេញទៅប្រមូលកំលាំង ទ័ព ផ្តួលរលំរបបប្រល័យពូជសាសន៍ ។ គឺជាការលះបង់ជាគំរូ ប្រកបដោយវីរភាព ដែលយុវជនពិភពលោក ក្នុងនោះ មានយុវជនខ្មែរផងដែរ កំពុងស្រេកឃ្លានក្នុងការស្វែងយល់ ។ យុវជនទាំងឡាយដែលធ្លាប់វាយតំលៃខ្ពស់ ព្រោះមិនទាន់ ដឹងការពិតនៃជីវិតដ៏ជូរចត់ ប្រកបដោយគ្រោះថ្នាក់មិនអស់របស់ សម្តេច ហ៊ុន សែន

ខ្ញុំសួរតទៅទៀតថា ហេតុអ្វីបានជាធីឆើរ ជ្រើសរើសគំនូរកាធូន ជាមធ្យោបាយបកស្រាយរឿងពិតដ៏មានតម្លៃនេះ ? លោក កាង និយាយថា ការធូនជាមធ្យោបាយឃោសនាដ៏មានប្រសិទ្ធភាពក្នុងទីផ្សារអំណាន ។ អ្នកអានច្រើនណាស់និយមរឿង ការធូន ។ លោក កាង លើកបង្ហាញផ្ទាំងគំនូរការធូនដ៏ជោគជ័យ ដែលសិល្បករកូរ៉េបានគូរពីជីវិតពិតរបស់មនុស្សសំខាន់ៗ ដូចជា លោកប្រធានាធិបតី លីមីយ៉ុងបាក់ លោកអគ្គនាយក លីប្យុងឈុល បិតាក្រុមហ៊ុន សាំស៊ុង លោក ជុង ដូយុង បិតាក្រុម ហ៊ុន ហ៊ីយ៉ាន់ដាយ លោក មហាត្មាក់គន្ធី ជាដើម ។ ខ្ញុំរំពឹងថា យុវវ័យជំនាន់ក្រោយពាសពេញពិភពលោក នឹងបានរៀនសូត្រ ជ្រួតជ្រាបរឿងជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់ៗគ្នា ។

លោក កាង បន្តទៀតថា ពិតណាស់យុវជនកូរ៉េ យុវជនជប៉ុន និង យុវជនផេ្សងៗទៀត កំពុងរង់ចាំអាន អំពីវីរភាពអតីត កាលរបស់ថ្នាក់ដឹកនាំដ៏កំពូលនេះ ជាភាសាគេរៀងៗខ្លួន ។ ជុំវិញការលំបាក និង ការងាយស្រួលរបស់គាត់ ក្នុងការធ្វើរឿង នេះ លោក កាង ដកដង្ហើមធំយ៉ាងវែង មុននឹងនិយាយថា ពិតជាលំបាកច្រើនណាស់ ច្រើនជាងគំរោងការផ្សេងៗទៀត រាប់ មិនអស់ ដែលខ្ញុំបានគូររយៈពេលជាង ២០ ឆ្នាំមកនេះ ។ ទោះបីខ្ញុំមានដៃគូជាតិខ្មែរដ៏ចំណានៗដូចជា លោក ស្វាយ សានុជ ដែលជាសិល្បករគំនូរជីវចងផង និង ជាអ្នកសារព័ត៌មានផង បានជួយខ្ញុំយ៉ាងពេញទំហឹងក៏ដោយ ក៏ភ្នំលំបាកនៅពីលើខ្ញុំ ជានិច្ច ។ សិល្បៈមិនជាបញ្ហាទេនៅទីនេះ ប៉ុន្តែការបញ្ចូលអារម្មណ៍ទៅក្នុងស្នាមជក់នីមួយៗ ផ្តិតបុគ្គលិកលក្ខណៈសម្បត្តិ ទឹកចិត្ត និង អារម្មណ៍របស់ សម្តេច ហ៊ុន សែន ជារឿងមួយសែនលំបាក ។ លំបាកព្រោះមនុស្សតិចណាស់ ដែលបាន ឃើញផ្ទាល់ភ្នែក នូវការតស៊ូផ្លូវចិត្តក្នុងដំណាក់ការនីមួយៗ នៃជីវិតកុមារភាពរបស់ សម្តេច ហ៊ុន សែន ។ មនុស្សភាគច្រើន បានត្រឹមស្រមៃប៉ុណ្ណោះ ។

សំណួរចុងក្រោយរបស់ខ្ញុំគឺចង់ដឹងថា តើធីឆើរ មានទិសដៅទៅមុខយ៉ាងណាទៀត ? លោក កាង ស៊ុងវូក និយាយថា ខ្ញុំ មានមោទនភាពខ្ពង់ខ្ពស់ណាស់ ក្នុងនាមជាសិល្បករមួយរូប ដែលបានគូរពីជីវិតពិតរបស់ថ្នាក់ដឹកនាំលំដាប់អន្តរជាតិដ៏ឆ្នើម បំផុត ។ កាយវិការនេះ ក៏ជាការអំពាវនាវដ៏ទទូច ដើមី្បសុំសហប្រតិបត្តិការពីសំណាក់ញាតិមិត្តរបស់ សម្តេចតេជោ ទាំង សហការី ទាំងក្រុមគ្រួសារ ដែលដឹងអំពីជីវប្រវត្តិរបស់ សម្តេច ឬ ធ្លាប់បានស្តាប់ប្រសាសន៍ផ្ទាល់ ដែល សម្តេច បង្ហូរ ចេញពីក្រអៅបេះដូងរំលឹកឡើងវិញ នូវការចងចាំរបស់លោក មេត្តាផ្តល់ព័ត៌មានជាក់ស្តែង ទោះជាអក្ខរា ជារូបភាព ឬ ដោយរំលឹកផ្ទាល់មាត់ ដើមី្បចូលរួមចំណែកកសាងស្នាដៃនេះ ឱ្យក្លាយជាឯកសារប្រវត្តិសាស្រ្ត សំរាប់យុវជនជំនាន់ ក្រោយ ទាំងយុវជនកម្ពុជា ទាំងយុវជនពិភពលោក បានសិក្សាស្រាវជ្រាវតរៀងទៅ ។ លោក កាង បានកំណត់ថា បើសិនជា ស្នាដៃរបស់លោក ទទួលការអនុញ្ញាតជាផ្លូវការនោះ ភាគនិទាននៃជីវិតពិតរបស់ សម្តេច ហ៊ុន សែន ពីកុមារភាពដល់ បូជនីយកិច្ចរំដោះភ្នំពេញ ឆ្នាំ១៩៧៩ និង មានចុះផ្សាយក្នុងទំព័រសារព័ត៌មានកោះសន្តិភាពតែមួយគត់ មុនពេលត្រូវបាន ចងក្រងបោះពុម្ពផ្សាយជាសៀវភៅ ។ ទោះបីជាបែបណា នេះគ្រាន់តែជាគំរោងការមួយ ដែលកំពុងត្រៀមរៀបចំ ជាមួយ នឹងការសែ្វងរកការអនុញ្ញាតដោយផ្ទាល់ ពី សម្តេច ប្រមុខរាជរដ្ឋាភិបាលផងដែរ ព្រោះជារឿងដែលទាក់ទិននឹងឆាកជីវិត ផ្ទាល់របស់ សម្តេច


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia